ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរក្រុងក្រចេះបានចុះបិទមន្ទីរសម្រាកព្យាបាល និងសម្ភព “ព្រាបស” នៅកណ្តាលក្រុងក្រចេះ បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ បានទៅសម្រាកនៅគ្លីនិកឯកជនមួយនេះ ។
បើតាមប្រភពព័ត៌មាន បានបញ្ជាក់ថា ការចុះបិទមន្ទីរសម្រាកព្យាបាល និងសម្ភព “ព្រាបស” ឯកជនមួយនេះ ត្រូវបានរកឃើញមន្ត្រីនគរបាលម្នាក់ ដែលមានវិជ្ជមានកូវីដ១៩ បានមកសម្រាកព្យាបាលនៅទីតាំងនេះ កាលពីវេលាយប់ចូលថ្ងៃទី២១ ខែមីនា កន្លងទៅ ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ឈ្មោះ វ៉ាន់ ណាក្រូ ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំបាន ចូលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជនសម្ភព “ព្រាបស”ស្ថិតក្នុងភូមិផ្សារវែង សង្កាត់/ក្រុង/ខេត្តក្រចេះ ។ បច្ចុប្បន្នបុគ្គលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម។
ក្រោយពីទទួលព័ត៌មានរួចមន្ត្រីនគរបាលក្រុងក្រចេះ បានចុះស្រាវជ្រាវទើបដឹងថា៖ឈ្មោះ វ៉ាន់ណាក្រូបានចូលមកសម្រាកព្យាបាលជំងឺចាប់តាំងពីវេលាម៉ោង១យប់ចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ពិតប្រាកដមែន។
សូមរំលឹកថា ឈ្មោះ វ៉ាន់ ណាក្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានអាសយដ្ឋាន ២កន្លែងគឺភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ភូមិអូរប្ញស្សី២ ឃុំអូរប្ញស្សី ស្រុកក្រចេះខេត្តក្រចេះ ៕