ភ្នំពេញ៖ ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងអង្គភាពស៊ីម៉ាក់ បាននិងកំពុងរៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខជាជំនួយហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩) ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញសុនខ សិក្សារួមគ្នា ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុក កាលពីម្សិលមិញថា «ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ភារកិច្ចជូន ក្រសួងសុខាភិបាល និងអង្គភាពស៊ីម៉ាក់ ឱ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខជាជំនួយ ហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩) ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញសុនខ សិក្សារួមគ្នា»។

លោកបន្តថា គំនិតផ្តួចផ្តើមនេះ បង្ហាញពីការគិតគូររបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក ហេង រតនា បានចុះមកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំត្រៀមលក្ខណៈធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។ លោកថា ផ្អែកតាមបទពិសោធន៍ជាង ២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។

លោកបញ្ជាក់ថា អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការជាមួយ អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។ លោកក៏បានពិភាក្សាការងារនេះជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្ត្រី ប្រគល់ភារកិច្ចឱ្យសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ជាអនុវត្តផ្ទាល់ជាមួយអង្គភាពស៊ីម៉ាក់ ។
សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើមបាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា ផងដែរ ៕



