ជនសង្ស័យ៦នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន បណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆក់តាមដងផ្លូវ

0

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានឃុំខ្លួនជនសង្ស័យ៦នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីមាត្រា៣៥៧ បទលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) នៅខណ្ឌច្បារអំពៅ។

ជនត្រូវចោទទាំង៦នាក់មាន១.ឈ្មោះ ថេង ពិសិដ្ឋ អាយុ២០ឆ្នាំ ២.ឈ្មោះ ពេជ្រ សៀវនី អាយុ១៦ឆ្នាំ ៣.ឈ្មោះ អ៊ុ និមល អាយុ១៧ឆ្នាំ ៤.ឈ្មោះ ប៊ុន ណារិទ្ធ អាយុ១៧ឆ្នាំ ៥.ឈ្មោះ សយក ធា អាយុ១៧ឆ្នាំ និង៦.ឈ្មោះ កៅ វិចិត្រ អាយុ១៧ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា ការចុះចាប់ជនសង្ស័យទាំង៦នាក់ នេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅត្រង់ដីឡូតិ៍មួយកន្លែងក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ក្នុងនោះជនរងគ្រោះឈ្មោះ អាត ស្រីកា អាយុ១៧ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ ខណ្ឌច្បារអំពៅ ។សម្ភារដែលបាត់បង់រួមមាន ខ្សែកផ្លាទីន១ខ្សែ ទម្ងន់៧ជី បន្ដោងមានត្បូងពេជ្រតំលៃជិត២,០០០ដុល្លារ។

យោងតាមមាត្រា៣៥៧(បទលួចមានស្ថានទម្ងន់ទោស)តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ,ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៣ឆ្នាំទៅ១០ឆ្នាំ ក្នុងករណីដូចខាងក្រោម៖១.អំពើលួចនេះប្រព្រឹត្តឡើងក្នុងពេល មុនពេលឬក្រោយពេលអំពើហិង្សា។ ២.អំពើនេះប្រព្រឹត្តឡើង ដោយការកាប់ទន្លុះទម្លាយ ៕