ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែម ពីការការពារការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងត្រូវចូលមកដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំ និងក្រើនរំលឹកជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំសាសនា និងបណ្តាអង្គភាពនានា ចំណុះឲ្យក្រសួងទាំងអស់ ឲ្យប្រកាន់យកនូវការរស់នៅស្អាត ដោយចេះកែប្រែទម្លាប់ និងឥរិយាបថ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការពារការចម្លងជំងឺកូវីដ-១៩នេះ ទោះជាក្នុងពេលវេលាណានិងនៅទីកន្លែងណាក៏ដោយ និងអនុលោម ទៅតាមបទបញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន។
ក្រសួងសូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖
១៖ ចំពោះវត្តអារាម និងវិហារសាសនាផ្សេងៗ ត្រូវធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយម៉ត់ចត់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះ នៅពេលឈរ អង្គុយឈររង់ចាំឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ។
២៖ អនុវត្តវិធានការ «៣ ការពារ និង ៣ កុំ» ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀត ឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។
៣៖ ចៀសវាងនូវការរៀបចំពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។
៤៖ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ដោយអនុវត្តន៍ជាប្រចាំតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
៥៖ ករណីមានការសង្ស័យ សូមទាក់ទងបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទំនាក់ទំនង Hotline លេខ ១១៥៕