ភ្នំពេញ៖ សាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ជាវេជ្ជបណ្ឌិតឯកទេសពិគ្រោះ និងព្យាបាលជំងឺសួត ជំងឺហឺត និងអាលែកហ្សី បានអះអាងថា មេរោគកូវីដ១៩ បំប្លែងថ្មី អាចវាយលុកចូលសួត ធ្វើឲ្យរលាកសួតធ្ងន់ធ្ងរទាំងសងខាង ក្នុងរយៈពេលត្រឹមតែ ២ទៅ៥ថ្ងៃប៉ុណ្ណោះ ។

លោកសាស្ត្រាចារ្យ បញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី២2 មីនាថា «មានបទពិសោធន៌ជាង1ឆ្នាំក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាចឬតក់ស្លុតឡើយ ។ តែក្នុង1ខែចុងក្រោយនេះចាប់ពី 20 កុម្ភៈ 2021 ខ្ញុំមានអារម្មណ៏ភ័យខ្លាច និងព្រួយបារម្យណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ 2ទៅ5ថ្ងៃ វាវាយលុកចូលសួតធ្វើអោយ រលាកសួតធ្ងន់ធ្ងរទាំងសងខាង ។ រូបភាពថតសួតត្រូវបានមេរោគ វាយលុកសាច់សួតដ៏គួរអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាត តាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ 3កុំ 3ការពារទេទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះបាន ។
សូមបួងសួងដល់ព្រះ និងវត្ថុស័កសិទ្ធក្នុងលោកជួយតាមថែររក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំនិងខ្លួនខ្ញុំផ្ទាល់បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះសាបរលុតចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ» ។






