ភ្នំពេញ៖ ដើម្បីបង្ហាញឱ្យឃើញអំពី ការយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលក្រុងស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារ សារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ស្តីពីការលុបការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញែង កញ្ជើ ញី របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្លួន។
តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី២២ មីនា រដ្ឋបាលខេត្តព្រះសីហនុបានណែនាំ ដល់អាជ្ញាធរដូចតទៅ៖
– ត្រូវណែនាំដល់ប្រធានផ្សារ, អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន , បញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកព្រៀង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈ ងាយស្រួលដោយរៀបចំទីតាំង សមស្របដល់បងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីលក់ដូរឥវ៉ាន់
– ណែនាំដល់ប្រធានផ្សារអ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តការប្រមូលចំណូល តាមរយៈការបង់ភាស៊ី និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ
– ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ី នៅតាមទីផ្សារក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។
សូមរំលឹកថា សន្តិសុខផ្សារម្នាក់ដែលល្មើសនឹងបទបញ្ជា បណ្ដាលអោយមានការថ្នាក់ថ្នាំង ពីសំណាក់អាជីវករ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ត្រូវបានទទួលទោស ស្របទៅតាមគោលការណ៍ របស់រដ្ឋបាលខេត្តព្រះសីហនុហើយ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ៕