នៅមានអ្នកហ៊ានទៀត! បុរសចំណាស់ម្នាក់ បើកឡានគេចវេះពី ប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានរថយន្ត ១គ្រឿង បានបើកគេចវេះពី ប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

យោងតាមរបាយការណ៍ សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៧ មីនា បានឲ្យដឹងថា ឈ្មោះ ណុះ ឌត ភេទប្រុស អាយុ៤៨ឆ្នាំ បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0453 បានបើកគេចវេះ ពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ដើម្បីចាកចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តកំពត។

យោងតាមច្បាប់ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រា១០ បទមិនគោរពវិធានការរដ្ឋបាល៖

-ដោយមិនគិតដល់ បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយខែ)ទៅ៣(បី) ឆ្នាំនិងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល កាលបើអំពើខាងលើនេះ បណ្ដាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

-ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ)ឆ្នាំនិងពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល កាលបើអំពើខាងលើនេះបណ្ដាល ឱ្យផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ សូមក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕