វីវរហើយ! គ្រូបង្រៀននៅវិទ្យាអង្គតាសោម ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ហើយ មិនអនុវត្តវិធានសុខាភិបាលទេ ថែមទាំងទៅបង្រៀនសិស្សទៀត

0

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្ដីបន្ទោសលោកគ្រូម្នាក់ ដែលដឹងថាខ្លួនពាក់ព័ន្ធជាមួយ អ្នកវិជ្ជមានកូវីដ១៩ហើយ មិនត្រឹមតែមិនអនុវត្តតាមវិធានសុខាភិបាលទេ ថែមទាំងទៅបង្រៀនសិស្ស នៅក្នុងសាលារៀនទៀត ។

តាមរយៈលិខិតស្ដីបន្ទោស កាលពីថ្ងៃទី១៧ មីនា លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឲ្យដឹងថា លោក ម៉ៃ ថុនា គ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តកំហុសឆ្គងដោយ បានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម និងក្រោយមកបានមកបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្សនៅក្នុងថ្នាក់ ។

លោករដ្ឋមន្ត្រីបានស្តីបន្ទោស លោក ថៃ ផុថា ដែលបានប្រព្រឹត្តកំហុងឆ្គង ក្នុងការអនុវត្តវិធានការដើម្បី ទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធ ជាមួយអ្នកឆ្លងកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ ការចម្លងបន្តទៅក្នុងសាលារៀន ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ២ឆ្នាំ លើកលែងតែក្នុងរយៈពេលនោះសាមីខ្លួនបាន ប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែម។ ការស្តីបន្ទោសនេះ ត្រូវកត់ត្រាទុកក្នុងសំណុំលិខិត របស់សាមីខ្លួន ៕