ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងច្បារមន ឃាត់ខ្លួន បន្ទាប់ពីយកដុំថ្មគប់ដំបូលផ្ទះអ្នកជិតខាង ថែមទាំងយកកាំភ្លើងវែង សំឡុត ប្រុងបាញ់សម្លាប់ចោលទៀត។ហេតុការណ៍នេះបានកើតឡើង កាលពីយបើទាបភ្លឺឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ីម សុខ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពយកដុំថ្មគប់ ទៅលើដំបូលផ្ទះរបស់ ឈ្មោះ សំរិត ស្រីណា ភេទស្រី អាយុ ៥២ឆ្នាំនៅភូមិកើតហេតុខាងលើ មិនតែប៉ុណ្ណោះជនសង្ស័យបានយកអាវុធម៉ាក AK. 47.កាត់ស្នូក ដែលមានលេខ4974 នឹងបង់ចំនួន១គ្រាប់ចំនួន៣០គ្រាប់ យកមកគំរាមប្រុងបាញ់សម្លាប់ជនរងគ្រោះទៀតផង។
ប្រភពដដែលបន្តថា មូលហេតុមកពី សង្ស័យជនរងគ្រោះ ចេះអំពើអាចធ្មប់ បណ្ដាលឱ្យរូបគេឈឺដៃឈឺជើង
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានគេចខ្លួនបាត់ ប៉ុន្តែជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍សង្កាត់រការធំ ។ ក្រោយពីទទួលបណ្តឹង កម្លាំងប៉ុស្តិ៍ ក៏បានចុះទៅដល់ និងបានសហការជាមួយជំនាញនគរបាលយុត្តិធម៌ ក្រុងច្បារមនធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ ហើយបានដកហូតអាវុធខាងលើ ដែលទុកលាក់ក្នុងឡាំងគ្របតង់ នៅពីខាងលិចទ្វារចូលផ្ទះរបស់ជនសង្ស័យ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបែបនោះមែន ព្រោះសង្ស័យថា «ជនរងគ្រោះចេះអំពើអាចធ្មប់ បណ្ដាលឱ្យរូបគេឈឺដៃឈឺជើង»។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីតាមនីតិវិធី៕