ភ្នំពេញ៖ ទីបំផុតជនដៃដល់ និងអ្នករួមគំនិតក្នុងករណី ឃាតកម្ម អាករ.សម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ មីនាកន្លងទៅនោះ ពេលនេះត្រូវកម្លាំងនគរបាល តាមវ៉ៃខ្នោះដល់ស្រុកគីរីវង់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ ម៉ៅ រដ្ឋា (ហៅជិប) ភេទប្រុស ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯក សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ។ ទី២.ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំឃាត់ខ្លួនបាន នៅស្រុងគិរីវង់ ខេត្តតាកែវ ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យសារភាពថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុ ពួកគេបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នា នៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន។ មិនបានប៉ុន្មាន ក្រុមជនសង្ស័យបានហៅ ជនរងគ្រោះមកក្រៅម្ដងទៀត មកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពតែម្ដង។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង ២នាក់ បានចែកសម្ភារៈគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប បានយកចិញ្ជៀនមាសនិងខ្សែក។ ចំណែកឈ្មោះ ម៉េង ណាឃីម យកម៉ូតូនិងទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ ៕






