ភ្នំពេញ៖ ក្រោយរងការរីះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេង បណ្ដាញសង្គមជាច្រើន រឿងឧកញ៉ា ដួង ឆាយ ប្រើហិង្សាលើអតីតភរិយារបស់ខ្លួន គឺអ្នកនាង ដេត ម៉ាលីណា រួចមកនោះ ពេលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើសំណើទៅសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពី ឌួង ឆាយ ហើយ ។

អ្នកលេងបណ្ដាញសង្គមជាច្រើន ប្រហែលជាបានស្គាល់ និងបានដឹងច្បាស់ហើយ ពីការលែងលះគ្នារវាងឧកញ៉ា ដួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកទាំងពីរហាក់នៅ ពុំទាន់ដាច់ស្រឡះជាមួយគ្នាទេ ថែមទាំងតតាំងគ្នាទៅវិញទៅមក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើលើកច្រើនសាររួចមកហើយ ។
តាមរយៈលិខិតមួយច្បាប់ ដែលសម្ដេច សាយ ឈុំ ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៧ មីនានេះ បានសរសេរថា «ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយ ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ» ។
ក្នុងលិខិតសរសេរបន្តថា «អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទាន ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ» ។

