រកឃើញបុរសម្នាក់ទៀតឆ្លងជំងឺកូវី១៩ ក្រោយពាក់ព័ន្ធជាមួយតារាកំប្លែង នាងអ៊ីត

0

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសមុននេះថា រកឃើញបុរសម្នាក់ទៀត វិជ្ជមានកូវីដ១៩ ក្រោយពាក់ព័ន្ធជាមួយ តារាកំប្លែងឈ្មោះ សេង ចិន្តា ហៅអ៊ីត ។

លោកអភិបាលខណ្ឌ បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ មីនានេះថា នៅម៉ោង ៨៖៥០នាទីព្រឹកនេះ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ១នាក់ ជាបុរស អាយុ ៤១ ឆ្នាំ (ពាក់ព័ន្ធជាមួយអ្នកជម្ងឺ សេង ចិន្តា ហៅអ៊ីត ជាតារាកំប្លែង CTN) ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke)។ ចំពោះអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ មានចំនួន ៣នាក់ (ស្រី ៣នាក់) បន្តទៀត មន្ត្រីសុខាភិបាលនឹងត្រៀម យកសំណាកទៅពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន ៕