ព្រះនាងតូច ជេនណា មានបន្ទូលបែបនេះ ក្រោយអន្ទិត កក្កដា សុភ័ណ្ឌ ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ ក្រោយមានអ្នកបណ្ដាញសង្គមមួយចំនួន បានយករូបភាពព្រះនាងតូច នរោត្តម ជេនណា ថតជាមួយ អន្ទិត កក្កដា សុភ័ណ្ឌ ដែលទើបឆ្លងកូវីដ១៩ ទៅបង្ហោះនោះ ព្រះនាងតូច បានមានបន្ទូលថា «រូបនេះថតជិតមួយឆ្នាំមកហើយ ដែលកាលនោះរូបគាត់ បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែតាំងពីពេលនោះមកនេះខ្ញុំ ពុំដែលបានជួបគាត់ទៀតនោះទេ» ។

ព្រះនាងតូច ជេនណា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ មីនានេះថា «សូមជម្រាបសួរពុកម៉ែបងប្អូន ជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ។ ខ្ញុំចង់ជម្រាបថា រូបនេះថតជិតមួយឆ្នាំមកហើយ ដែលកាលនោះរូបគាត់ បានមកលេងខ្ញុំនៅព្រះដំណាក់ មែន តែតាំងពីពេលនោះមកនេះខ្ញុំ ពុំដែលបានជួបគាត់ទៀតនោះទេ» ។

ព្រះនាងតូចមានបន្ទូលថា «ខ្ញុំសូមអរគុណណាស់ដែល ពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពី ព្រះដំណាក់បើគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណា ក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុល ការពារជាប្រចាំដែរ។

ព្រះនាងតូច និងក្រុមគ្រួសារសូមជូនពរ ដល់បងប្អូនដែលកំពុងមាន ជំងឺកូវីដទាំងអស់ទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជា សះស្បើយឡើងវិញ ហើយបងប្អូនទាំងសូមមេត្តារួមគ្នា គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយើង។

ជាមួយគ្នានោះព្រះនាងតូច ជេនណា និងក្រុមគ្រួសារ ក៏បានបួងសួងទេវតា ថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទសកម្ពុជាទាំងមូល បានជៀសផុតពីជំងឺកូវីដ១៩ នេះ ឲ្យបានឆាប់ៗបំផុត ៕