អស់លក្ខណ៍! ក្រុមចោរគាស់ផ្ទះ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនហើយ

0

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍​ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មុខសញ្ញាគាស់ផ្ទះ ចំនួន០៣នាក់ ត្រូវកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការ ជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បើកការស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបបានរហូតឈានដល់ការឃាត់ខ្លួនចំនួន០៣នាក់។ 

ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានអោយដឹងថា ជនសង្ស័យទាំងបីរួមមាន៖

១៖ឈ្មោះ ដួង ដារ៉ាហៅអាខ្វៃអាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរកម្មករធ្វើទុយោទឹក។

២-ឈ្មោះ ហេង គឹមលាង ហៅ ជី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខA2 ផ្ទះលេខ1BZ ផ្លូវ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកហាងចិន ។ 

៣-ជនសង្ស័យឈ្មោះ ចាន់ តួ ហៅអាម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មុខរបរដឹកអីវ៉ាន់អនឡាញ ដកហូតម្សៅក្រាមសថ្លាចំនួន១កញ្ចប់ តូចសង្ស័យជាសារធាតុញៀន ។ 

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូត វត្ថុតាងចាប់យកមាន កន្រ្តៃធំ១, តួណឺវីស៧, ដង្កាប់២, សោទីប៣, ញញួរ១, ម្សៅក្រាមសថ្លា៣កញ្ចប់តូច, ដបជក់ថ្នាំញៀន១ និងដែកកេះ១ ។ 

ក្រោយពីសួរចម្លើយបឋម ក្រោយពីធ្វេីសកម្មភាពខាងលើ ជនសង្ស័យបានយក គ្រឿង អលង្ការពេជ្រ ទ្រព្យសម្បត្តិ និងម៉ូតូ ដែលលួចបាននោះ យកទៅលក់ចែកគ្នាស៊ីចាយអស់ហើយ មុនពេលសមត្ថកិច្ចបង្រ្កាបបាន គឺយកទៅលេងល្បែង និងជក់គ្រឿងញៀន ។     

បច្ចុប្បន្នជនសង្ស័យ០៣នាក់ខាងលេី ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឲ្យ អធិការនគរបាលខណ្ឌចំការមន ធ្វើការបំភ្លឺដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕