ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានផ្ដល់ជាដំណោះស្រាយ ចំនួន៣ចំណុច ជូនដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ ដ៏កាចសាហាវនេះឲ្យមានប្រសិទ្ធភាពទ្វេដង។
លោក ពេជ្រ ស្រស់ បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅរាត្រី ថ្ងៃទី១២ មីនាថា «ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីឌ19 ឲ្យមានប្រសិទ្ធភាពទ្វេរដងគឺត្រូវការសហចូលរួម
1.រដ្ឋាភិបាលត្រូវចរចាជាមួយធនាគារជាតិដើម្បីស្នើដល់ធនាគារឯកជនឲ្យបន្ធូរបន្ថយដល់កូនបំណុលក្នុងការពន្យាពេលនៃការសងបំណុលហើយវិធីសាស្រ្តនៃការបន្ធូរបន្ថយនោះគឺពុំគួរតម្លើងថ្លៃការប្រាក់ត្រួតគ្នាឡើយ ហើយម្យ៉ាងវិញទៀតធនាគារ គួរកុំប្រើនូវវិធីរឹបអូសទ្រព្យបញ្ចាំពីកូនបំណុលឡើយ ក្នុងកាលៈទេសៈនេះ
2.ថ្លៃទឹកភ្លើងរដ្ឋគួរឲ្យពលរដ្ឋជំពាក់70%នៃចំនួនទឹកប្រាក់ដែលបានប្រើប្រាស់ដើម្បីសង្រ្គោះជីវភាពរបស់បងប្អូនដែលកំពុងរងផលប៉ះពាល់
3.រដ្ឋាភិបាលគឺត្រូវមានវិធានការទប់ស្កាត់កុំឲ្យទំនិញគ្រប់ប្រភេទឡើងថ្លៃហួសហេតុពេក»។
ប្រធានគណបក្សយុវជនកម្ពុជាបានសង្កត់ធ្ងន់ថា «បើសិនអាចដោះស្រាយបាន 3ចំណុច ខាងលើ បាន គឺ ការទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID – 19 នឹងមានប្រសិទ្ធភាពខ្ពស់ ពីព្រោះ
ពលរដ្ឋនឹងមិនចេញក្រៅផ្ទះក្នុងមួយរយៈពេលខ្លី ដើម្បីឲ្យរលកCOVID-19 ថ្ងៃ20 កុម្ភៈស្ងប់សិន ប៉ុន្តែ បើសិនជាដោះស្រាយ 3 ចំណុច ខាងលើមិនបានទេនោះ គឺ ប្រជាពលរដ្ឋនឹងរងទុក្ខផ្ទួន ៗ
តែម្តងហើយ3ចំណុចខាងលើដែលខ្ញុំសរសេរមកនេះគឺខ្ញុំឮការត្អូញត្អែរបស់ប្រជាពលរដ្ឋគ្រប់ទិសទីនិងឃើញភាពជាក់ស្តែងដែលកើតឡើងដូច្នេះការសង្រ្គោះពលរដ្ឋ គឺ ត្រូវសង្រ្គោះទាំងជីវិតនិងជីវភាពរបស់ពួកគាត់ »។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕