ថ្លើមធំមែន! ហ៊ានលួចលក់ដីព្រៃ សហគមន៍របស់រដ្ឋ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

0

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោកប្រាក់ និងលួចលក់ដីសហគមន៍របស់រដ្ឋ នៅចំណុចភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ យ៉ិន យ៉ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី ឆបោកប្រាក់ និងលួចលក់ដីព្រៃសហគមន៍របស់រដ្ឋ ។ រីឯជនរងគ្រោះមានឈ្មោះ គិន ឆេងលី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅផ្ទះលេខ១៣ ផ្លូវលេខK៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖ រថយន្តចំនួន ១គ្រឿង ម៉ាក Camary ពាក់ស្លាកលេខ ច.៧៩០១ ភ.ព២ ពណ៌សំបកឪឡឹក, ទូរស័ព្ទដៃចំនួន ២គ្រឿង ម៉ាកViVo, ឯកសារទិញ-លក់ដីមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី ៕