ក្រសួងសុខាភិបាល ប្រកាសថា អស់វ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម សម្រាប់ចាក់ដូសទី១ តែអ្នកត្រូវចាក់ដូសទី២ នៅបន្តធម្មតា

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ដោយសារចំនួនមានកំណត់ ដូច្នេះក្រសួងបានសម្រេចផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម សម្រាប់អ្នកចាក់លើកទី១ ដោយចាំបាច់ត្រូវរក្សាទុកវ៉ាក់សាំងនេះ សម្រាប់អ្នកត្រូវចាក់លើកទី២ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ មីនា បានបញ្ជាក់ថា «ដោយសារ បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួន ដែលពួកគាត់បានចាក់លើកទី១ រួចហើយនោះ ក្រសួងសុខាភិបាល សូមប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នក ដែលចាក់លើកទី១ (ដូសទី១) តែនៅបន្ដដំណើរការចាក់វ៉ាក់សាំងនេះជាធម្មតាសម្រាប់បុគ្គលដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ»។

ក្រសួងបន្ថែមថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុមអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាម លើកទី២ ត្រូវអញ្ជើញមកកាន់ទីតាំងកន្លែង ដែលខ្លួនបានចាក់លើកទី១ ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែង ដោយគណៈគ្រប់គ្រងមន្ទីរពេទ្យរដ្ឋ នៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នា ដែលធ្វើឱ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ៕