ថ្លើមពាសមេឃមែន! ហ៊ានក្លែងបន្លំហត្ថលេខា និងត្រាសម្ដេច ស ខេង ដើម្បីរត់ការចូលក្របខណ្ឌប៉ូលិស ក្នុងម្នាក់ជាង ១ម៉ឺនដុល្លារ

0

ភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការករណីក្លែងហត្ថលេខា និងត្រារបស់សម្ដេច ស ខេង ដើម្បីរត់ការចូលក្របខណ្ឌមន្រ្តីនគរបាលជាតិ ក្នុងម្នាក់ ១២,០០០ដុល្លារ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ មុំ អស្សនី ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលឈើតុំស្រុកក្រគរ ឃាត់ខ្លួនមុខសញ្ញាឆបោកនិងក្លែងឯកសារសាធារណៈ ។ ការឃាត់ខ្លួនធ្វើឡើង នៅហាងបាយចិន ដងស្ទឹងបំណក់ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១០ ខែ មីនាឆ្នាំ២០២១ ។សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ នេះតាមបទបញ្ជារបស់ លោកកូយកាន់យ៉ាព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ឯម រុន អធិការនគរ បាលស្រុកក្រគរបានឱ្យដឹងថាជន សង្ស័យ មានឈ្មោះមុំ អស្សនី ភេទ ប្រុស អាយុ៤៥ឆ្នាំនៅ ផ្ទះលេខ២៧ ផ្លូវ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ តែសមត្ថកិច្ចមិនបានបញ្ជាក់មានជន រងគ្រោះចំនួនប៉ុន្មាននាក់បានចាញ់បោក ឬខាតបង់ថវិកាប៉ុន្មាននៅឡើយទេ។

លោកអធិការនគរបាលបានបន្តថា ជននេះបានធ្វើសកម្មភាពដើរឆបោកគេ ដោយថារើសចូលក្រប ខណ្ឌ មន្រ្តីនគរបាលក្នុងម្នាក់យក ១២.០០០ដុល្លារ បើយកមុនតែ ៣.៥០០ដុល្លារទេ ។ ជនសង្ស័យបានក្លែងឯកសារហត្ថលេខា និងត្រាសម្ដេចក្រឡាហោម សខេង និង តាំងនាមខ្លួនជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថែមទៀតផង ។ ជនសង្ស័យត្រូវសមត្ថជំនាញ នឹងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់ ៕