ស្រ្តីនគរបាល បំបៅដោះកូន ក្នុងពេលបំពេញការងារ ទទួលបានការលើកទឹកចិត្ត ជាបន្តបន្ទាប់

0

ភ្នំពេញ៖ ក្រៅពីមានការគាំទ្រ ពីសំណាក់មហាជន ស្រ្តីនគរបាល បំបៅដោះកូនក្នុងពេលបំពេញការងារ ក៏ត្រូវបានទទួលបានការលើកទឹកចិត្តពីសំណាក់ មន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលមួយចំនួនផងដែរ ជាក់ស្ដែង លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានផ្ដល់នូវការលើកទឹកចិត្តចំពោះ អនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង ដែលទទួលរងការស្ដីបន្ទោសពីប្រធានអង្គភាព កាលពីថ្មីនេះផងដែរ។

នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមាន លោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋាន រាជិនីលង្វែក ចំនួន៥០០ដុល្លា និងលោកស្រី សុខ វិល័យ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន១០០ដុល្លា សរុបចំនួន៧០០០០០រៀល និង៧០០ដុល្លាអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មានវត្តមាននៅក្នុងជំនួបនេះផងដែរ មានលោកស្រី ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គជបជ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង លោកស្រី ផាន់ ណារ៉ា អភិបាលរងស្រុកសៀមប៉ាង ដែលបានរួមដំណើរមកជាមួយពីខេត្តស្ទឹងត្រែង ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវបាន លោកអធិការស្រុកសៀមប៉ាង ព្រមានឱ្យសុំទោសជាសាធារណៈ ព្រមទាំងហៅទៅធ្វើកិច្ចសន្យាមួយ ដែលត្រូវបានលោកពន្យល់ថា “ការបំបៅកូនក្នុងឯកសណ្ឋាន ជារឿងមិនសមរម្យ ធ្វើឱ្យប៉ះពាល់ កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់កិត្តិយសស្រ្តីខ្មែរ”  ក្រោយពីបានឃើញលោកស្រីបង្ហោះរូបភាព កំពុងបំបៅកូនអាយុ១ខួប២ខែ នៅក្នុងឯកសណ្ឋានការងារ និងនៅកន្លែងការងារផ្ទាល់ តាមដងផ្លូវកំពុង បំពេញភារកិច្ច។ ភ្លាមៗនោះ ដោយបានមើលឃើញ ពីការមិនផ្ដល់តម្លៃ ប្រាស់ចាកអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តស្រ្តី ក្នុងការចិញ្ចឹមទារកដោយទឹកដោះម្ដាយ របស់ក្រសួងសុខាភិបាល លោកស្រី ជូ ប៊ុនអេង បានចេញសារលិខិតជូនចំពោះលោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងក្នុងន័យថា “ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ។… ក្នុងស្ថានភាពជាស្រ្តីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដងលើសពីបុរសគឺបំពេញការងារស្នូលក្នុងអង្គភាព ស្ថាវប័នផង និងត្រូវចិញ្ចឹមបីបាច់ថែរទាំកូន តាំងពីក្នុងផ្ទៃរហូត កើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះជាបុរសជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនាង ទទួលបាន នូវឱកាសថែរទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់កូន និងការងារស្នូលរបស់នាងដែរ។…លោកអធិការគួរតែសម្ដែងនូវការកោតសរសើ លើកទឹកចិត្ត និងរិះរកមធ្យោបាយឱ្យមន្រ្តីស្រ្តីបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែរទាំកូនដូចម្ដាយលោកថែរទាំលោកកាលពីនៅទារក និងភរិយាលោកថែរទាំកូនលោកដូចគ្នាដែរ។…”បន្ថែមទៅទៀត ក្រសួងកិច្ចការនារីក៏បានចេញនូវសេចក្តីថ្លែងការណ៍ ដែលមានអត្ថន័យថា “ ក្រសួងកិច្ចការនារីសូមសម្ដែងនូវការកោតសរសើចំពោះលោកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទី ជាម្ដាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់និងផ្ដល់ភាពកក់ក្ដៅដល់កូន។…ក្នុងន័យនេះ ស្ថាប័នអង្គភាពដែលមានស្រ្តី ជាមន្រ្តីក្រោមឱវាទឬជាបុគ្គលិកបំពេញការងារគួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន និងអនុញ្ញាតឱ្យស្រ្តីដែលមានកូនតូចអាចបំពេញការងារផង និងបំពេញតួនាទីជាម្ដាយផង។…”

ក្រោយពីមានលិខិតអន្តរាគមន៍ របស់លោកស្រីជូ ប៊ុនអេង និងក្រសួងកិច្ចការនារី យើងឃើញមានការសាទរ ពីសំណាក់សាធារណៈជន និងមានការចូលរួមចំណែកលើកទឹកចិត្តដោយពាក្យសំដី ថវិកា និងសម្ភារៈជាច្រើន ជូនដល់លោកស្រី ៕