ភ្នំពេញ៖ ទណ្ឌិតជាជនជាតិចិនម្នាក់ បានស្លាប់ដោយសារជំងឺ ដាច់សសៃឈាមខួរក្បាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
បើតាមលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ មីនានេះថា នៅមន្ទីរពេទ្យបង្អែកខេត្ត មានជនជាតិចិនម្នាក់ស្លាប់ ដោយជំងឺ ដាច់សសៃឈាមខួរក្បាល។ ក្រុមគ្រូពេទ្យ ជំនាញព្យាយាមជួយសង្គ្រោះ អស់ពីលទ្ធភាពនៅតែសង្គ្រោះមិនបាន ។
លោកបន្តថា ជនដែលស្លាប់ ឈ្មោះ XU JILINភេទប្រុសកើតឆ្នាំ១៩៩៦ ប្រទេសចិនជាទណ្ឌិតនៅកម្ពុជា។ មន្ត្រីអនុរក្សពន្ធនាគារ ខេត្តព្រះសីហនុ បានប្រាប់ថា ជនរងគ្រោះត្រូវបានឃុំខ្លួនថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ពីបទចាប់បង្ខាំងមនុស្សខុសច្បាប់ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធាគាររយៈពេល ៧ឆ្នាំ ទើបអនុវត្តន៍ច្បាប់បានតែ ២ឆ្នាំ នៅឡើយក៏កើតជំងឺនេះស្លាប់តែម្តង ។
ឆ្នាំគុកដដែលបានបន្តថា ជនរងគ្រោះបានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកាលពី ម៉ោង១៣ថ្ងៃទី ១០ខែមីនាឆ្នាំ២០២១ លុះដល់វេលាម៉ោង ១៧ថ្ងៃដដែល បានស្លាប់ (ដាច់សរសៃឈាមខួរក្បាល) ។ សពជនរងគ្រោះត្រូវបានរក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំការចាត់ចែង ពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី ៕