ទៀតហើយ! ជនសង្ស័យ ៤នាក់ បង្កប់គ្រឿងញៀនជាមួយនំ យកទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបករណី (បង្កប់គ្រឿងញៀនជាមួយសម្ភារ(នំ)) ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជនជាតិ៣នាក់ ជនជាតិវៀតណាម១នាក់ ផ្ញើឱ្យអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន ៣ករណី។

-ករណីទី១ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥នឹង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក ផ្ទះបុគ្គលិកឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាន់ ទីណូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ីបានយកឥវ៉ាន់ មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័កក្នុងនោះ មានម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន ១កញ្ចប់ បង្កប់ក្នុងថង់នំ។ បន្ទាប់ពីបានសារសួរ គាត់មិនបានដឹងថា នៅក្នុងថង់នំនោះមានគ្រឿងញៀនទេ ហើយគាត់សហការជាមួយសមត្ថកិច្ច បន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាម្ចាស់ថង់នំនោះ (បង្កប់គ្រឿងញៀន) នៅចំណុចអគារបុគ្គលិកលក់នំ ស្ថិតនៅក្រុម ទី៧ ភូមិ៣ សង្កាត់៤ ក្រុង/ព្រះសីហនុ នាថ្ងៃដដែលវេលាម៉ោង ១៦នឹង០០នាទី។

ជនសង្ស័យទី១-ឈ្មោះ ZOU WUQI អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ LIU HUA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមសញ្ញា(WY)ចំនួន ២គ្រាប់, លិខិតឆ្លងដែនចំនួន ២ក្បាល(របស់ជនសង្ស័យ), ទូរស័ព្ទដៃចំនួន៤គ្រឿង, លុយយ័នចំនួន ៧១យ័ន, សម្ភារប្រើប្រាស់និងវេចខ្ចប់មួយចំនួន។

-ករណីទី២ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១នឹង៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កាស៊ីណូជិនប៉ី២ ស្ថិតនៅសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឆេន ឆូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរត់PassApp បានយកឥវ៉ាន់មកផ្ញើរឲ្យអ្នកធ្វើចត្តាឡីស័ក ដែលក្នុងនោះមានលាក់ទុកនៅសារធាតុញៀនខុសច្បាប់ ក្នុងប្រអប់នំ។ បន្ទាប់ពីបានសួរនាំគាត់មិនបានដឹងថា ក្នុងប្រអប់នំមានថ្នាំញៀនទេហើយគាត់ បានសហការជាមួយសមត្ថកិច្ចយើង បន្តទៅឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់នំ (បង្កប់គ្រឿងញៀន) នៅចំណុចសណ្ឋាគារ ជីងហ្វូយៀក ស្ថិតនៅក្រុម២០ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ នៅថ្ងៃដដែលវេលាម៉ោង ២២នឹង៣០នាទី។

ជនសង្ស័យឈ្មោះ HOANG THI MANH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់តាមអនឡាញ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់, ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន៥គ្រាប់, ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone8 ពណ៌ខ្មៅ, លិខិតឆ្លងដែន ១ក្បាល(របស់ជនសង្ស័យ)។

-ករណីទី៣ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២នឹង៤០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅក្រុមទី៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ ១នាក់ យកឥវ៉ាន់ទៅផ្ញើរឲ្យអ្នកធ្វើចត្តាឡីស័ក ដោយ មានការសង្ស័យកម្លាំងបានឆែកឆេរ រកឃើញសារធាតុសង្ស័យជាសារធាតុញៀន រួចបានឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យឈ្មោះ Gao Yahong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន។ វត្ថុតាងដកហូតបាន៖ ម្សៅក្រាមពណ៌ទឹកដោះគោ សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ (បីកញ្ចប់), ទូរស័ព្ទដៃ១គ្រឿង, រថយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ៕