ភ្នំពេញ៖ យុវតីវ័យក្មេងស្រស់សោភា ២នាក់ បានជិះម៉ូតូបន្លំបង្កប់ថ្នាំញៀន ទៅផ្ញើឲ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក ក្នុងមណ្ឌលមួយកន្លែងនៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅ ឃាត់ខ្លួនភ្លាមៗ ។ ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចគោលដៅចត្តាឡីស័ក ឆាងឆឹងអាគារស្នាក់នៅបុគ្គលិក ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យទាំងនេះមានឈ្មោះ១.ឈ្មោះ ឃុម ស្រីវិន ភេទស្រី ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរ ខារ៉ាអូខេ អាសយដ្ឋានបច្ចុប្បន្ន ផ្លូវសាលាសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ ។ ២.ឈ្មោះ មាស ឆយី ភេទស្រី ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ ខារ៉ាអូខេ អាសយដ្ឋាន ម្តុំចម្ការស្ពៃ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សរថ្លា សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ទូរស័ព្ទដៃចំនួន ២គ្រឿង ម៉ូតូចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនិតិវិធីបន្ត ៕