នោះ! មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រតិកម្មហើយ ករណីអធិការស្រុកសៀមប៉ាង ហៅស្ត្រីជាប៉ូលិសបំបៅកូន ធ្វើកិច្ចសន្យា

0

ភ្នំពេញ៖ ក្រោយពីស្ត្រីជានគរបាលម្នាក់ ត្រូវបានថ្នាក់លើរបស់ខ្លួនហៅ ទៅធ្វើកិច្ចសន្យារឿង បំបៅកូនពេលម៉ោងការងារនោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានចេញមកប្រតិកម្ម និងសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះលោកអធិការស្រុកសៀមប៉ាង ដែលប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឲ្យបានច្បាស់ ពីកំហុស និងគុណសម្បត្តិ ។

តាមរយៈលិខិតផ្ញើទៅអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ មីនានេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ក្រោយបានអានអត្ថបទដែលផ្សព្វផ្សាយអំពី អធិការស្រុកសៀមប៉ាង ដែលបានកោះហៅ លោកស្រីនគរបាលម្នាក់ដែលគាត់បំបៅកូន នៅតុការងារ តាមផ្លូវ ប្រហែលជានគរបាលចរាចរណ៍ ដើម្បី ទៅព្រមាន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ការបំបៅដោះកូនបែបនេះ លោកស្រីមានការសោកស្តាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងពីគុណសម្បត្តិ ។

លោកស្រី ក៏បានជម្រាបលោកអភិបាលខេត្តថា ក្នុងស្ថានភាពជាស្ត្រី ដែលមានភារកិច្ចទទួលខុសត្រូវទ្វេដង លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គ ភាពស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូន តាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះបីជាបុរស ជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យនាងទទួល បាននូវឱកាសថែទាំកូន បានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់កូន និងការងារស្នូល របស់នាងដែរ ។ នេះជាទង្វើ ដែលលោកស្រីជាស្ត្រីម្នាក់ សូមគោរពកោតសរសើរ នូវឆន្ទៈ ដ៏មុះមុត ក្នុងការបំពេញ ការកិច្ចរបស់មន្ត្រីជាស្ត្រី ទោះជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ ។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា «សូមឯកឧត្តមអភិបាល លោកជំទាវអភិបាលរង លោកស្នងការ និងថ្នាក់ដឹកនាំទាំងអស់ ពិនិត្យករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកស្រីអនុសេនីយទោរូបនេះ និងស្រ្តីជាមន្ត្រីរាជការ ដទៃទៀត តាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យបាក់ទឹកចិត្ត ជាពិសេស ក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើកទី១១០ និងសូមជូនពរដល់ស្ត្រីទាំងឡាយ ជាកូនស្រី ជាបងស្រី ជាម្តាយជាជីដូន ជាមន្ត្រីរាជការ ជាអ្នក ទ្រទ្រង់គ្រួសារ សូមរួចផុតពីអំពើហិង្សា ការប្រមាថមាក់ងាយ ការរើសអើង និងការរំលោភបំពានគ្រប់រូប កាព និងសូមទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ការគោរព ការឲ្យតម្លៃ និងការទទួលស្គាល់នូវកិច្ចខិតខំ ប្រឹងប្រែង នៅក្នុងការងារគ្រួសារ ការងារសង្គម និងការងារប្រទេសជាតិ»។

សូមរំលឹកថា កាលពីរសៀលថ្ងៃ៩ មីនា លោកអធិការស្រុកសៀមប៉ាង បានហៅស្រ្តីជានគរបាលមកធ្វើកិច្ចសន្យា ក្រោយបំបៅដោះកូនពេលធ្វើការ ក្រោមហេតុផលថាប៉ះពាល់ ដល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ ៕