ភ្នំពេញ៖ វិប្បដិសារីដែលមិនអាច បកក្រោយវិញបាន៖ បុរសម្នាក់បានបង្ហាញពីការសោកស្តាយបំផុត ដែលមិនបានអនុវត្តតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្តីពី ការណែនាំមិនឱ្យចល័តចេញចូលតំបន់ ដែលកំពុងរងការប្រឈមពីជំងឺកូវីដ-១៩ ។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តពញរះសីហនុ ។
ដោយសារតែអាការៈក្នុងខ្លួនមានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានធ្វើការចាកចេញពីសណ្ឋគារស៊ីនយីនថៃ ជាកន្លែងធ្វើការរបស់ខ្លួនស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមិនបានដឹងខ្លួនថា បានឆ្លងមេរោគកូវីដ-១៩ ឡើយ។ បន្ទាប់ពីទៅដល់ស្រុកកំណើត បុរសរូបនេះត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមាន វិរុស កូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល ដោយឡែកក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិដែលមានការពាក់ព័ន្ធ ក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នក ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍។
បុរសរូបនេះបានបន្តថា ខ្លួនមានការស្តាយក្រោយជាខ្លាំង ដែលធ្វើឱ្យក្រុមគ្រួសាររបស់ខ្លួនមានការលំបាក បើសិនជាអាច ខ្លួនសុខចិត្តស្នាក់នៅកន្លែងធ្វើការរបស់ខ្លួន នោះបានចៀសវាងការប៉ះពាល់ ដល់ពុកម៉ែបងប្អូនរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនទាំងអស់ កំពុងស្នាក់នៅតំបន់ដែលត្រូវបានអំពាវនាវមិនឱ្យចាកចេញ សូមកុំធ្វើការចាកចេញឱ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់បងប្អូននោះទេ ៕