ភ្នំពេញ៖ នៅថ្ងៃទី០៦ខែមីនា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មាន ពីជនរងគ្រោះឈ្មោះ សិទ្ធ កុសល់ ភេទប្រុស អាយុ៣២ឆ្នាំ ថាមានករណីប្រើហិង្សា មកលើរូបខ្លួន នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឈុំ ភក្រ្តា ភេទប្រុស អាយុ២៦ឆ្នាំ ដែលនៅផ្ទះជិតគ្នាបានប្រើកាំបិតផ្គាក់កាប់មកលើរូបខ្លួនបណ្ដាលឱ្យរងរបួសស្មាខាងស្ដាំចំហៀងខាងក្រោយ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានចាត់តាំងកម្លាំង ឱ្យចុះដល់កន្លែងកើតហេតុតែម្ដង ហើយធ្វើការឃាត់ខ្លួន ជនបង្កខាងលើ ព្រមទាំងដកហូតកាំបិត ផ្គាក់ដងឈើ ប្រវែង៩២សង់ទីម៉ែត្រ ០១ដើមផងដែរ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានយកកាំបិតផ្គាក់ ដេញកាប់ជនរងគ្រោះ ឈ្មោះ សិទ្ធ កុសល់ ដែលត្រូវជាប្អូនថ្លៃរបស់ខ្លួន បណ្ដាលឱ្យរងរបួស ដូចការចោទប្រកាន់ខាងលើ ពិតប្រាកដមែន ព្រោះរូបគេខឹងនឹងជនរងគ្រោះ ឈ្លោះគ្នា ជាមួយប្អូនស្រីបង្កើត របស់គេឈ្មោះ ឈុំ ឆៃដែន។
ដោយផ្អែកលើពាក្យបណ្ដឹង របស់ជនរងគ្រោះ និងមានស្នាកស្នាម ព្រមទាំងចម្លើយ សារភាព របស់ជនសង្ស័យផងនោះ ទើបកម្លាំងជំនាញ អ.ហ ក្រុង កសាងសំណុំរឿង បញ្ជូនមកការិយាល័យ ព្រហ្មទណ្ឌ អ.ហ ខេត្តចាត់ការបន្ត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ ព្រហ្មទណ្ឌ អ.ហ ខេត្ត ចាត់ចែងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ កាលពីរសៀលថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១៕