អាងអីហ្នឹង! បុរស២នាក់ ប្រើប្រាស់កាំភ្លើងទំនើប ដើរបាញ់សត្វ និងបាញ់បោះសេរី បណ្ដាលឲ្យគ្រាប់ហោះ  ចំក្បាលក្មេងប្រុសម្នាក់ ដួលប្រកាច់ស្លាប់ភ្លាមៗ 

0

ភ្នំពេញ៖ បុរស២នាក់ ប្រើប្រាស់កាំភ្លើងទំនើប ដើរបាញ់សត្វនិងបាញ់បោះសេរី បណ្ដាលឲ្យគ្រាប់ហោះ ទៅចំក្បាលក្មេងប្រុសម្នាក់ ដួលប្រកាច់ស្លាប់ភ្លាមៗ ពេលកំពុង ឈរលេងជាមួយក្មេងៗ៣នាក់ទៀត នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីវាល ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ខណ្ឌកំបូល បានចុះទៅអន្តរាគមន៍ឃាត់ខ្លួន បុរស២នាក់ដែល សង្ស័យជិះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ថាជាអ្នកប្រើប្រាស់កាំភ្លើងទំនើប ដើរបាញ់សត្វ និងបាញ់បោះសេរីផ្ដេសផ្ដាស់ បណ្ដាលឲ្យផ្លាតត្រូវ ក្មេងប្រុសរងគ្រោះខាងលើ ។

ក្មេងប្រុសរងគ្រោះឈ្មោះ សារឿ ន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ អនុវិទ្យាល័យបែកចាន ស្នាក់នៅក្នុងមណ្ឌលអង្ការ សង្គ្រោះជនអស់សង្ឃឹម ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំក្បាលស្លាប់ភ្លាមៗគួរឲ្យអាសូរ ។

ចំណែកជនសង្ស័យ២នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថាមានសមាសភាព ជាអ្វីនិងមានខ្នងបង្អែកធំប៉ុនណាទេ ទើបប្រើកាំភ្លើងដើរបាញ់សត្វដោយខុសច្បាប់បែបនេះ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននិងដកហូតកាំភ្លើងវែង ស៊េរីទំនើប១ដើម រថយន្ត១គ្រឿងម៉ាក Ssangyong REXTON ។ពេលនេះសមត្ថកិច្ច កំពុងឃុំខ្លួនជនសង្ស័យ ជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងធ្វើ កោសល្យវិច្ច័យ លើអាវុធនិងក្បាលគ្រាប់ដែលបាញ់ ត្រូវក្មេងប្រុសរងគ្រោះ នោះហើយ ៕