Update៖ សិស្សវិទ្យាល័យសំរោងជិត ៥០នាក់ ដែលដួលសន្លប់ និងស្រែកយំនោះ អាចបណ្ដាលមកពីភ័យខ្លាចខ្លាំងពេក…

0

ភ្នំពេញ៖ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៦ ខែមីនាឆ្នាំ២០២១ នេះ សិស្សវិទ្យាល័យសំរោង ស្ថិតក្នុងឃុំសំរោង ចំនួន៤៩នាក់ ជាសិស្សស្រីទាំងអស់ កើតមានអាការៈដួលសន្លប់ និង ស្រែកយំ ហើយត្រូវបានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង ដើម្បីពិនិត្យ និងព្យាបាល ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប ។

លោក ម៉ក់ ប្រុស បានឲ្យដឹងថា តាមការស្រាវជ្រាវ គឺផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករ លុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការៈភ័យស្លន់ស្លោ ល្ហិតល្ហៃ និង ទន់ដៃទន់ជើងតៗគ្នា ដោយអ្នកខ្លះសន្លប់ និង អ្នកខ្លះភ័យស្រែកយំ ហើយអ្នកដែលមើលទៅមានអាការៈធ្ងន់ធ្ងរចំនួន ៣៣នាក់ បានបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និង អ្នកដែលមានអាការៈ មិនសូវធ្ងន់ធ្ងរចំនួនចំនួន ១៦នាក់ បានបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោង ប៉ុន្តែមកទល់ម៉ោង ១២ថ្ងៃត្រង់នេះ នៅសល់សិស្សចំនួនតែ ៩នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ក្រៅពីនោះ បានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ។

លោក ម៉ក់ ប្រុស បានឲ្យដឹងទៀតថា កាលពីម្សិលមិញនេះ នៅវិទ្យាល័យសំរោងនេះដែរ ក៏កើតមានករណីដូចគ្នានេះ លើសិស្សស្រីចំនួន៥នាក់ផងដែរ ហើយបន្តិចក្រោយមកពួកគាត់ មានស្ថានភាពធូរស្បើយដូចធម្មតាវិញដែរ បន្ទាប់ពីការយកចិត្តទុកដាក់ពិនិត្យ និង ព្យាបាលជំងឺ ពីសំណាក់ក្រុមគ្រូពេទ្យ ហើយនៅព្រឹកនេះ ក្រុមគ្រូពេទ្យក៏យកចិត្តទុកដាក់ជួយពិនិត្យ និង ព្យាបាលយ៉ាងសកម្មផងដែរ ព្រមទាំងមានដាក់សេរ៉ូមផង ប៉ុន្តែត្រូវបានយកថវិកាពីអ្នកជំងឺទេ ។

លោកអភិបាលស្រុកសូទ្រនិគម មានប្រសាសន៍ទៀតថា តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ បានឲ្យដឹងថា អ្នកជំងឺទាំងអស់គ្នានេះ គ្មានរោគសញ្ញាណាមួយ ដែលគួរឲ្យបារម្ភឡើយ ព្រោះពួកគាត់ទាំងអស់គ្នា ត្រូវបានពិនិត្យជាតិស្ករ, ពិនិត្យអុកស៊ីសែនក្នុងខ្លួន និងពិនិត្យមើលសម្ពាធឈាម គឺគ្មានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះតាមការសន្និដ្ឋាន ស្ថានភាពពួកគាត់នេះ គឺកើតឡើងបណ្ដាលមកពីអាការៈភ័យខ្លាចខ្លាំងពេក ខណៈឆ្នាំមុន ក៏ធ្លាប់កើតមានករណីដូចគ្នាផងដែរ លើសិស្សនៅក្នុងឃុំតាយ៉ែត ក្នុងស្រុកសូទ្រនិគម និង សិស្សនៅក្នុងស្រុកស្វាយលើ ដែលបានបញ្ជូនមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកសូទ្រនិគម ៕