ភ្នំពេញ៖ ប្រហែលជាស្ត្រីជើងខ្លាំងម្នាក់នេះ មានខ្នងក្រាស់ហើយមើលទៅ បានជាហ៊ានជេរប្រមាថសមត្ថកិច្ចថា អត់ខួរ និងប្រើពាក្យសម្ដីមិនសមរម្យជាច្រើនទៀត ពេលដែលសមត្ថកិច្ច ឃាត់ឡានរបស់ខ្លួនបើកបរមិនពាក់ខ្សែក្រវ៉ាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៣រសៀលថ្ងៃ៥ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវហាន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមនគរបាលចរាចរ បានឲ្យដឹងថា ស្រ្តីរូបនេះ បានបើកបររថយន្តកាមរីបាទ្បែន ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2P-5685 ដោយមិនពាក់ខ្សែក្រវាត់ឡើយ ។ លុះពេលកម្លាំងសមត្ថកិច្ចចរាចរខណ្ឌសែនសុខ ដាក់គោលដៅមុខសាលាបឋមសឹក្សាភ្នំពេញថ្មី ដើម្បីត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ ស្រ្តីជាអ្នកបើកបរមិនព្រមឈប់តាមសម្រួលទេ គឺនៅតែបន្តបើករថយន្តបុកបារ៉ាស់សមត្ថកិច្ច ទើបសមត្ថកិច្ចប្រើវិធានការក្តៅ ដោយយកសោចាក់កង់រថយន្ត ដើម្បីកុំឲ្យរថយន្តបើកទៅមុខទៀត។
ប្រភពបន្តទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការចាក់ សោកង់រថយន្តនោះរួចរាល់ ស្រាប់តែស្រ្តីជាអ្នកបើកបរបានផ្ទុះកំហឹងឆាប់ឆួល ចុះមកជេរដៀលសមត្ថកិច្ចចរាចរសុទ្ធតែមនុស្សអត់ខួរ និងប្រើពាក្យសម្ដីមិនសមរម្យច្រើនទៀត តែយ៉ាងណា សមត្ថកិច្ចបានធ្វើការស្ទូចល្មើសច្បាប់នោះ យកទៅរក្សាទុកនៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


