ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌច្បារអំពៅ និងជំនាញពាក់ព័ន្ធ បានសម្រេចបិទទីតាំងចំនួន ៣បន្ថែមទៀត ក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោយរកឃើញអ្នកប៉ះពាល់ផ្ទាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងតាមរយៈហ្វេសប៊ុកថា ទីតាំងចំនួន ៣បន្ថែមទៀត ត្រូវបានបិទជាបណ្តោះអាសន្ននេះរួមមាន ៖
-ទីតាំងទី១ ផ្ទះលេខ៣៣ ផ្លូវលេខP០៦ គម្រោង៧ ប៉ូឡារីស១
-ទីតាំងទី២ ផ្ទះលេខ២៩៧ ផ្លូវលេខប៉ូឡារីស គម្រោង៧
-ទីតាំងទី៣ ផ្ទះលេខ១៨ ផ្លូវលេខM២៣ គម្រោងមឺហ្គឺរៀន២ គម្រោង៦ ។
លោក ហ៊ត គឹមនី បន្តថា ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែសអោយសោះជាមួយជំងឺ កូវីដ-១៩ ពោលគឺ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» អោយបានជាប់ជាប្រចាំ ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈចំនួន ២៤នាក់បន្ថែមទៀត សរុបអ្នកឆ្លងក្នុងសហគមន៍កើនដល់ ៣៤០នាក់ហើយ ៕












