ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយលើបណ្ដាញ ទំនាក់ទំនងសង្គម និងត្រូវបានសាធារណជនមួយចំនួន ធ្វើការចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធ នឹងការលើកឡើងថា ”ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការ និងមនុស្សច្រើននាក់ទៀត កំពុងចេញរោគសញ្ញាប្លែកៗ ក្រោយពីបានចាក់វ៉ាក់សាំងការពារកូវីត-១៩ របស់ចិន…។
បន្ទាប់ពីការពិនិត្យរូបភាពទាំងឡាយ ដែលបានចុះផ្សព្វផ្សាយនោះ ឃើញថា ជារូបភាពកាត់ត កែច្នៃដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិច មានចេតនាបង្កចលាចលសង្គម បន្ទុចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងបេសកកម្មបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង covid 19 នៅកម្ពុជា និងចាត់ទុកថា ជាការផលិតព័ត៌មាន រូបភាព ក្រោមនិន្នាការនយោបាយបំបែកបំបាក់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន។
នាព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ នេះ ឧត្តមសេនីយ៍ឯក អ៊ុំ អុន នាយកសាលាមិត្តភាពនគរបាលកម្ពុជា-វៀតណាម បានបញ្ជាក់តាមទូរស័ព្ទមកកាន់ ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិថា រូបលោកបានទទួលចាក់វ៉ាក់សាំងបង្ការមេរោគឆ្លង covid-19 កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០២១ មកដល់ពេលនេះ ពុំមានរោគសញ្ញា ឬអាការៈអ្វីប្រែប្រួលខុសពីធម្មតានោះឡើយ រីឯរូបភាពជាជនពិការ គឺជារូបភាពកាត់ត កែច្នៃផ្ទុយពីការពិតទាំងស្រុង។
ឧត្តមសេនីយ៍ឯក អ៊ុំ អុន សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបាន យកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈ ពិសេសការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នេះ រូបលោកនឹងជំរុញឲ្យមន្ត្រីក្រោមឱវាទ រួមទាំងសាច់ញាតិរបស់លោក ឲ្យទៅទទួលចាក់វ៉ាក់សាំង ដើម្បីបង្ការមេរោគឆ្លងនេះ។ លោកបានបន្តថា សូមឲ្យសាធារណជន បណ្ដាញទំនាក់ទំនងសង្គមក កុំមានការភាន់ច្រឡំ និងសូមចូលរួមគោរពវិធានការអនាម័យ និងសេចក្តីណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន ប្រចាំថ្ងៃដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា មកដល់បច្ចុប្បន្ននេះ នៅកម្ពុជាមិនទាន់មានអ្នកជំងឺវិជ្ជមានកូវីដ-១៩ ណាម្នាក់រងគ្រោះបាត់បង់ជីវិតនៅឡើយទេ ផ្ទុយទៅវិញអ្នកជំងឺទាំងនោះ ត្រូវបានយកចិត្តទុកដាក់ពីគ្រូពេទ្យ ព្យាបាលឱ្យជាសះស្បើយជាបន្តបន្ទាប់។
ក្រុមការងារប្រតិកម្មហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន បណ្ដាញសង្គម សូមមេត្តាចៀសវាងការចែករំលែក បន្តនូវព័ត៌មានក្លែងក្លាយនេះ ដែលអាចបង្កការលំបាកក្នុងការ ស្រាវជ្រាវរកមុខសញ្ញាបំពុលបរិយាកាស សង្គមមកផ្តន្ទាទោស និងអាចប្រឈមមុខចំពោះការស្រាវជ្រាវរបស់មន្ត្រីជំនាញ ៕