ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងនគរបាលខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ២នាក់ ដកហូតកាំភ្លើង AK ១ដើម និងអាវុធកែច្នៃ ១ដើម ។ ករណីចាប់ខ្លួននេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិស្ពានទម្កាប់ ឃុំទំនប់ធំ ស្រុកពញាឮខេត្តកណ្ដាល ។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងនគរបាលស្រុកឧដុង្គ សហការជាមួយនគរបាលស្រុកពញាឮ បានចាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន ២នាក់ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ។ ឈ្មោះ ស៊ឹម គឹមហ៊ុល ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ៣កញ្ចប់ , ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, ម៉ូតូគ្រឿង, ទូរស័ព្ទដៃ ២ , កាំភ្លើង AK47 ស្វាយបត់ ១ដើម បង់ ១ គ្រាប់ ១៧គ្រាប់ , អាវុធកែច្នៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ៕




