បញ្ជូនជនជាតិចិន ៨នាក់ និងអ្នករត់តាក់ស៊ី ២នាក់ ទៅធ្វើចត្តាឡីស័ក ក្រោយរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ

0

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី ៨នាក់ និងរត់តាក់ស៊ី ២នាក់ ត្រូវបានឃាត់បញ្ជូនទៅធ្វើចត្តាឡីស័ក ក្រោយរកឃើញពីពួកគេ ធ្វើដំណើរចេញពី Condo Rose ភ្នំពេញ ដែលជាកន្លែងពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ។

ក្រោយទទួលបានព័ត៌មាន អំពីវត្តមានជនជាតិចិន ពុំមានឯកសារសម្គាល់ខ្លួន និងសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ លោក ទួន ឪទី អភិបាលរងស្រុក បានដឹកនាំកម្លាំង នគរបាលនៃអធិការដ្ឋាន និងកម្លាំង សឹករងស្រុកចុះ ពិនិត្យដល់គោលដៅ នៅវេលាម៉ោង ១១និង១៥នាទី យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បាននាំខ្លួនជនជាតិចិនចំនួន ៨នាក់ (ស្រីម្នាក់) និងតៃកុងឡានឈ្នួលចំនួន ២នាក់ យកទៅមណ្ឌល សុខភាព កូនកុក ក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីធ្វើចត្តាឡីស័ក។

ចំណែកអ្នករត់តាក់ស៊ីកម្លាំង សមត្ថកិច្ចនគរបាល បានអនុវត្តនីតិវិធី និងសួរនាំធ្វើកំណត់ហេតុ ទើបដឹងថា ក្រុមជនជាតិចិនទាំងអស់នេះ ពួកគាត់ដឹកមកពី condo rose ភ្នំពេញ ដែលជាកន្លែងចំណុចទីតាំង ពាក់ព័ន្ធក្នុងព្រឹត្តិការ២០កុម្ភៈ ។

បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំង ១០នាក់ ត្រូវសមត្ថកិច្ចប្រគល់ជូន គ្រូពេទ្យមណ្ឌលសុខភាពកូនកុក ដើម្បី ធ្វើចត្តាឡីស័ក ៕