ប្លែកៗ! ពីរនាក់ប្តីប្រពន្ធ ជួលឡានតាក់ស៊ី ជិះទៅភ្នំពេញ ក្នុងតម្លៃ១លានរៀល តែចុងក្រោយគ្មានលុយ អោយគេ

0

​បាត់ដំបង​ ៖​ បុរស​ស្ត្រី​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួល​រថយន្ត​ ធ្វើ​ដំណើរ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​ តែ​គ្មាន​ប្រាក់​ឲ្យ​ថ្លៃ​ឈ្នួល​ ត្រូវ​បាន​ម្ចាស់​រថយន្ត​ប្តឹង​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៧​និង​៥៧​នាទី​ នៅ​ចំណុច​ក្រុម​ទី​០៥​ ភូមិ​ស្វាយ​ធំ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ឈ្មោះ​ ស៊ុន​ ធា​រី​ ហៅ​ នី​ និង​ប្តី​ឈ្មោះ​ អៀង​ នី​ន​ ហៅ​ ភាព​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បាន​ ជួល​រថយន្ត​របស់​ឈ្មោះ​ ទុ​យ​ វាស្នា​ ហៅ​ ស្នា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ជិះ​ទៅ​ភ្នំពេញ ​ក្នុង​តម្លៃ​១​លាន​រៀល​(​ទាំង​ទៅ​ទាំង​មក​)​ ហើយ​បាន​ខ្ចីប្រាក់​ចាយវាយ ចំនួន​៣៥​ម៉ឺន​រៀល​ទៀត​ ។​ លុះ​ត្រឡប់​មក​វិញ​ ជនសង្ស័យ​មិន​បាន​ឲ្យ​ថ្លៃ ​រថយន្ត​និង​ប្រាក់​ខ្ចី​ ចាយវាយ​ទៅ​ម្ចាស់​ឡាន​ទេ​ ទើប​ម្ចាស់​ឡាន​ប្តឹង ​សមត្ថកិច្ច​តែ​ម្តង​ ។​

​ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​និង​២០​នាទី​ កម្លាំង​ផ្នែក​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មក​សាកសួរ​ ដោយ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ និង​ខ្ចីប្រាក់​ពី​ជន​រង​គ្រោះ​ដើម្បី​ចាយវាយ​ពិតប្រាកដ​មែន​។​

​ករណី​នេះ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​ រ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្តបាត់ដំបង​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ទាំង​ពីរ​នាក់​ខាងលើ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕