ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿន លឿនបុក ចំពេញទំហឹងដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅតាម បណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ តូច សារ៉េត ភេទប្រុសអាយុ៤៥ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល សង្កាត់ ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។នៅមុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿង ម៉ាកស្មាស់រ៉េវូ ពណ៌ខៀវពាក់ ស្លាកលេខភ្នំពេញ 1X-5387 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ក្នុង ល្បឿនល្មមទិសដៅពីជើងទៅ ត្បូង ខណៈ មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-7022 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុកម៉ូតូម៉ាក ស្មាស់រ៉េវូ ចំពីក្រោយ ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដួល បោកផ្ទប់នឹងថ្នល់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ចំណែកឯ តៃកុងរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ បានបើកទៅមុខ ប្រហែល ២០០ម៉ែត្រ ចុះរត់គេចខ្លួន បាត់ស្រមោល ភ្លាមៗ តែម្តង ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង កន្លែងកើតហេតុ រួចបានទំនាក់ទំនង ទៅខាងសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក ឲ្យចុះមកវាស់វែងយកម៉ូតូ រងគ្រោះនិងរថយន្តបង្កយកទៅ រក្សាទុកនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ ។
សាកសព ជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ធ្វើ កំណត់ហេតុរួចប្រគល់ ជូនទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕



