ភ្នំពេញ៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ធ្វើសកម្មភាពចូលបាញ់ប្លន់ ទីតាំងវីងមួយកន្លែងយីហោ «ប៉េង សុខចំរើន» តែបាញ់អត់ចេញ ស្រាប់តែម្ចាស់ទីតាំងស្ទុះមកដណ្ដើមកាំភ្លើងបានវិញ ចោរឃើញស្ថានភាពមិនស្រួល រត់បាតជើសរព្រាត ចោលទាំងម៉ូតូទៀត ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
បើតាមប្រភព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ ចោរប្លន់ម្នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BX-5216 ចូលទៅទីតាំងវីងខាងលើ រួចដកកាំភ្លើងខ្លីម៉ាក កា៥៩ ពីចង្កេះធ្វើសកម្មភាពភ្ជង់ទៅលើ បុរសជាម្ចាស់ទីតាំងគំរាមប្លន់យកលុយ ។ លុះមិនបានប៉ុន្មានផង ជនល្មើសបានបាញ់ ១គ្រាប់ ប៉ងសម្លាប់ម្ចាស់ទីតាំង តែគ្រាប់កាំភ្លើង មិនផ្ទុះ! បណ្តាលអោយបុរសជាម្ចាស់ទីតាំង ស្ទុះទៅវាយប្រតាយប្រតប់ជាមួយជនល្មើស រហូតជ្រុះកាំភ្លើង និងដណ្តើមបានកាំភ្លើងពីជនល្មើសវិញ ជាហេតុធ្វើអោយជនល្មើសភ័យស្ទុះរត់ចេញពីទីតាំងវីង ប៉ងគេចខ្លួន ។ ភ្លាមៗនោះ បុរសជាម្ចាស់ទីតាំង ក៏បានកាន់កាំភ្លើងដេញតាម និងបានបាញ់ទៅកាន់ជនល្មើសចំនួន១គ្រាប់ដែរ តែគ្រាប់កាំភ្លើង មិនផ្ទុះទៀត (ចំគ្រាប់ស្អុយបាញ់អត់ផ្ទុះដូចគ្នា) ជាហេតុធ្វើអោយជនល្មើស មានឱកាសរត់ដោយថ្មើរជើង គេចខ្លួនបាត់ស្រមោលតែម្តង ។ បន្ទាប់មក បុរសជាម្ចាស់ទីតាំងវីង បានត្រឡប់ទៅផ្ទះខ្លួនវិញ ព្រោះខ្លាចមានអ្នកចូលទៅយកលុយ ទើបជនល្មើសអាចរត់គេច បានដោយគ្មានអ្នកតាម ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងសាកសួរនាំព័ត៌មាន ។ រួចហើយក៏បាន អញ្ចើញម្ចាស់ទីតាំង ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរនាំបន្ថែម និងដាក់ពាក្យបណ្តឹងផងដែរ ៕