គាំទ្រ! ចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រាប់មេភូមិទាំង ២៤ភូមិ ពីការផ្អាកពិធីមង្គលការ និងបុណ្យផ្សេងៗ មួយរយៈសិន

0

ភ្នំពេញ៖ លោក ឈួន ចាំ ចៅសង្កាត់ពន្សាំង រួមនិងសមាជិកក្រុមប្រឹក្សាសង្កាត់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធ នឹងសេចក្តីជូនដំណឹងដល់មេភូមិទាំង ២៤ភូមិ អំពីការផ្អាកពិធីបុណ្យការ និងបុណ្យផ្សេងៗ មួយរយៈសិន ដើម្បីចូលរួមចំណែក ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។

យោងតាមហ្វេសប៊ុក រដ្ឋបាលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីម្សិលមិញ បានឲ្យដឹងបន្តថា ក្នុងកិច្ចប្រជុំនោះលោកចៅសង្កាត់ពន្សាំង ក៏បានប្រាប់ដល់មេភូមិទាំង ២៤ភូមិ ត្រូវផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ១៩ ថែរក្សាអនាម័យលាងដៃ ពាក់ម៉ាស រក្សាគម្លាត ផ្អាកការជួបជុំគ្នាច្រើន នឹងត្រូវស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ។

ក្នុងនោះដែរ រដ្ឋបាលសង្កាត់ពន្សាំង ក៏បានចែកនូវម៉ាស់ ដល់មេភូមិទាំង២៤ភូមិ ចំនួន៣ប្រអប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិរៀងៗខ្លួន ដែលនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ តាមរយះរដ្ឋបាលខណ្ឌព្រែកព្នៅ ៕