ភ្នំពេញ៖ សមត្ថកិច្ចចាប់វ៉ៃខ្នោះបានម្នាក់ ក្នុងចំណោម២នាក់ បន្ទាប់ពីស្រវឹងស្រា ប្រើដាវសាំម៉ូរ៉ៃ កាប់បំផ្លាញសំភារៈក្នុងហាងកាហ្វេនៅក្រុងតាខ្មៅ។ ហេតុការណ៍មួយនេះ បានកើតឡើង កាលពីវេលាម៉ោង៦,២៥នាទី ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចហាងកាហ្វេ ភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួច ។ ជនរងគ្រោះ មានឈ្មោះហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ បុគ្គលិកសណ្ឋាគារ។
ចំណែក ជនសង្ស័យមាន-ឈ្មោះ កែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា, ការធ្វើសកម្មភាព កាប់ដ៏សហាវ ឃោរឃៅនេះ បណ្ដាលឱ្យខូចខាត នូវសម្ភារៈមួយចំនួន រួមមាន៖ កុំព្យូទ័រ១គ្រឿង និងកែវមួយចំនួនធំ។ ដោយវត្ថុតាងចាប់យក៖ គ្មាន។
សមត្ថកិច្ចបានបន្តថា នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះ កំពុងតែឈរឆុងកាហ្វេ ដាក់ឲ្យភ្ញៀវ ពេលនោះស្រាប់តែ ជនសង្ស័យក្នុងស្ថានភាព ស្រវឹងស្រាបានជិះម៉ូតូ មកឈប់ដោយដៃកាន់ដាវ មួយដើម ដើរចូលទៅក្នុងហាងកាហ្វេ ស្រែកឡូឡាដាក់ភ្ញៀវ និងម្ចាស់ហាង (ជនរងគ្រោះ) និងបានយកដាវកាប់កែវ និងកុំព្យូទ័របណ្តាលឲ្យ ខូចខាត រួចហើយជិះម៉ូតូ គេចខ្លួនបាត់ទៅ។
ក្រោយពីបានទទួល ពាក្យបណ្តឹង ពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំង ជំនាញក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។ ក្នុងសកម្មភាពនៃបទល្មើសនេះដែរ គឺមានបុរសម្នាក់ទៀត ជាអ្នកផ្តើមគំនិត ឱ្យប្រព្រឹត្តបទល្មើសនេះ ប៉ុន្តែរូបគេមិនបានធ្វើសកម្មភាពជាមួយជនបង្ក។ ក្នុងករណីនេះសមត្ថកិច្ច មិនទាន់ឃាត់ខ្លួនជនផ្ដើមគំនិត បាននៅឡើយទេ៕