ចេះឯងឲ្យក្រែងចេះគេ! រត់ការដោះលែង អ្នកទោសមិនបានសម្រេច បែរជាត្រូវជាប់គុកខ្លួនឯង

0

ភ្នំពេញ៖ លោក តុង ដារ៉ា មន្ត្រីពន្ធនាគារខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការរត់ការដោះលែងអ្នកទោស តែមិនសម្រេច ។ ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីទទួលពាក្យបណ្ដឹង បុគ្គលរូបនេះបោកប្រាស់យកលុយគេ ដើម្បីរត់ការដោះលែងអ្នកទោស ចេញពីពន្ធនាគារ​ ។

ក្រោយឃាត់ខ្លួន និងសាកសួររួច ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក តុង ដារ៉ា ដាក់ពន្ធនាគារបណ្តោះអាសន្ន ។

បើតាមប្រភពច្បាស់ការបានបញ្ជាក់ថា លោក តុង ដារ៉ា តែងតែរត់ការដោះលែង ជនជាប់ឃុំក្នុងពន្ធនាគារ ឲ្យនៅក្រៅឃុំ ពេលបញ្ជូនចូលពន្ធនាគារម្តងៗ មិនថារឿងតូច ឬរឿងធំនោះទេ ពោលគឺរឿងអ្វី ក៏រត់ការដោះលែងបានដែរ ។ ឥទ្ធិពលរបស់លោក តុង ដារ៉ា បែបនេះ មិនដឹងមានអ្នកណានៅពីក្រោយខ្នង ដើម្បីកាងនោះទេ ។

ប៉ុន្តែដោយសារយកលុយពីអ្នកដែលពឹងពាក់ ក្នុងមួយរឿងៗរាប់ពាន់ និងរាប់ម៉ឺនដុល្លារ ដោយយកលេសថា យកលុយនេះ ទៅឲ្យតុលាការ ដើម្បីសុំដោះលែងជនជាប់ចោទ ឲ្យនៅក្រៅឃុំ តែទីបំផុតលុយទាំងអស់នោះ លោក តុង ដារ៉ា បានយកទៅចាយអស់ ហើយជនជាប់ឃុំ នៅតែជាប់ឃុំក្នុងពន្ធនាគារដដែល ទើបធ្វើឲ្យអ្នកពឹងពាក់ខឹង ក៏ដាក់ពាក្យបណ្តឹងអោយតុលាការ ចាត់ការតាមផ្លូវច្បាប់តែម្តង ៕