ភ្នំពេញ៖ បុរសម្នាក់ទៅជួលបន្ទប់ផ្ទះជួលមួយកន្លែង ស្នាក់នៅបានជាង ២ខែ ស្រាប់តែអ្នកជិតខាងធំក្លិនស្អុយចម្លែក និងមើលឃើញរុយក្បលខៀវ ហើរចេញពីក្នុងបន្ទប់ លុះដឹងការពិតបុរសនោះ បានចងកស្លាប់បាត់ទៅហើយ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ១០២ ដែលមានទីតាំងស្ថិត នៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះមានឈ្មោះ អ៊ុំ ចំរើន អាយុ៤០ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ មានអាស័យដ្ឋានអចិន្ត្រៃយ៍ ផ្ទះលេខ១០២អឺ៣ ផ្លូវ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប៉ុន្តែបានទៅជួលបន្ទប់ផ្ទះជួលខាងលើស្នាក់នៅរយៈពេលជាង ២ខែកន្លងមកហើយ ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើយហេតុបានឲ្យដឹងថា កន្លងមកបុរសខាងលើបាន ចេញចូលបន្ទប់ជាធម្មតាដូចជា អ្នកផ្សេងទៀតដែរ លុះមកដល់រយៈពេល ៤ទៅ៥ថ្ងៃចុងក្រោយនេះ ស្រាប់តែបាត់ពុំឃើញគាត់ចេញក្រៅសោះ ប៉ុន្តែពុំមាននរណាបានចាប់អារម្មណ៍ពីគាត់នោះឡើយ ហើយក៏ពុំដឹងថា គាត់មានរឿងអ្វីដែរ។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារតែមានធំក្លិនស្អុយចម្លែក និងមានរុយក្បាលខៀវហើរចេញពីក្នុងបន្ទប់លេខ១០២ ដែលបុរសនោះស្នាក់នៅ ទើបអ្នកមើលការខុសត្រូវផ្ទះជួល រួមជាមួយអ្នកជិតខាងបាននាំគ្នាទៅអឺតមើល ហើយម្នាក់ៗ មានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញបុរសនោះយកក្រមាចង.កជាប់ដែកបង្អួច សម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត និងមានសភាពហើមស្អុយបាត់ទៅហើយ ។ ពុំមាននរណាម្នាក់បានដឹងថា បុរសនេះមានវិបត្តិអ្វីនោះទេ ទើបឈានដល់ការចង.កសម្លាប់ខ្លួនឯងបែបនេះ ហើយខណៈនោះទ្វារបន្ទប់ជាប់គន្លឹះពីខាងក្នុង មិនអាចចូលទៅបានឡើយ ក្រោយមកអ្នកមើលការខុសត្រូវបាន រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ភ្លាមៗដែរ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានចុះទៅកាន់ទីនោះ រួចរាយការណ៍បន្តទៅកាន់នគរបាលផ្នែកព្រហ្មទណ្ឌ និងនគរបាលផ្នែកបច្ចេកទេស ខណ្ឌពោធិ៍សែនជ័យ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច្ច័យ រួចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕