ឈប់ឡានចតបើកទ្វារ យុវតី ២នាក់ ជិះម៉ូតូមកពីក្រោយបុកដួល ត្រូវឡាន១គ្រឿងទៀត បុកបន្ថែមរបួសធ្ងន់

0

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ហេតុការនេះបានកើតឡើងនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣៦នាទី នៅចំណុចមុខផ្ទះឈ្មោះទ្រី ជួង លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥២-៥៣ ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ៖ រថយន្តម៉ាក LAND CRUISER GXR ពណ៌ស ពាក់ស្លាកលេខ ONG46 2-021 ដោយអ្នកបើកបរឈ្មោះ អឿន ដារ៉ាវិឆ័យ ភេទប្រុស អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) ជនជាតិខ្មែររស់នៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-9916 អ្នកបើកបរឈ្មោះ ហ៊ីម ស៊ីតទី ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិចាម រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ រឹទ្ធ ធីតា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ/ឃុំ ជាមួយអ្នកបើកបរ ។

ប្រភពដដែលបានបន្តថា ៖ នៅមុនពេលកើតហេតុគេឃើញមាន អ្នកបើកបររថយន្តបានឈប់រថយន្តនៅស្ងៀម ដើរចេញក្រៅ រួចហើយអ្នកបើករថយន្តបានដើរចូលរថយន្តវិញ រួចបិទទ្វារម្តងហើយតែបិទមិនជិត រួចទាញទ្វារបិទម្ដងទៀត ក៏ត្រូវម៉ូតូម៉ាកហុងដាឌ្រីម បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង បានបុកទ្វាររថយន្តម៉ាក LAND CRUISER GXR ក៏បានដួលនៅលើផ្លូវ ហើយត្រូវរថយន្តដែលមិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា បានបុកអ្នកបើកបរម៉ូតូរងរបួស ហើយបន្តបើករថយន្តគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់ ៕