ភ្នំពេញ៖ មន្រី្តអគ្គិភ័យម្នាក់ បានរងរបួសក្នុងហេតុការណ៍ ឆេះសិប្បកម្មឡឥដ្ឋ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ១០០៣ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១៩និង៤៩នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ កុក សាន ភេទប្រុស អាយុ ៦៧ឆ្នាំ ទីលំនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានមុខរបរម្ចាស់សិប្បកម្មឡឥដ្ឋ ជាប្រភេទសំណង រោងឈើប្រក់ស័ង្កសី (ទំហំ៤០ម៉ែត្រ × ១០០ម៉ែត្រ) បណ្តាលឲ្យខូចខាតឆេះរោងឡឥដ្ឋ ចំនួន ២រោង និងកំទេចកំណាត់មួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ តែមិនបណ្តាលឲ្យស្លាប់មនុស្ស ដោយគ្រាន់តែរងរបួស មន្រី្តអគ្គិភ័យម្នាក់ឈ្មោះ អួង សុផល អាយុ៥៥ឆ្នាំ ។
ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ១២គ្រឿង ប្រើប្រាសទឹកអស់ ៣៦ឡាន ស្មើនឹង ១៦០ម៉ែត្រគូប និងរថយន្តរបស់សាលាខណ្ឌឬស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ២ឡានស្មើនិង ១២ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ២២និង២៥នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕


