ក្ដៅៗ! នាយករដ្ឋមន្រ្តី បញ្ជាឲ្យសមត្ថកិច្ចដកបម្រាម ដែលហាមមិនឲ្យពលរដ្ឋដឹកទំនិញ ចេញទៅក្រៅប្រទេសជាបន្ទាន់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យសមត្ថកិច្ច ដកបម្រាម មិនឲ្យពលរដ្ឋដឹកទំនិញ ចេញទៅក្រៅប្រទេសជាបន្ទាន់។

ការដាក់បទបញ្ជានេះ ធ្វើឡើងក្រោយពីមានដំណឹងលិចលឺមកថា អាជ្ញាធរនៅតាមព្រំដែន បានបិទច្រកដឹកទំនិញពីកម្ពុជា ចូលទៅកាន់ប្រទេសជិតខាង ក្រោមវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

តាមរយៈសារជាសម្លេងរយៈពេលជាង៦នាទី សម្ដេចតេជោបានលើកឡើងថា «កន្លងមកអាជ្ញាធរបានពង្រឹងការ ធ្វើចត្តាឡីស័កនៅតាមតំបន់ព្រំដែន ដើម្បីជៀសវាងការហូរចូល នៃជំងឺពីក្រៅប្រទេសចូលមកក្នុងប្រទេស។ ហើយថា ចំពោះការដឹក ទំនិញ ចេញចូល នៅតែធ្វើឡើងជាធម្មតា» ។

សម្តេចក៏ថ្លែងប្រាប់ឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកបទបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជន នៅតាមព្រំដែនរកស៊ីធម្មតា។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជន អាចនាំចេញបានកាន់តែច្រើន កាន់តែល្អ។ សម្តេចតេជោថ្លែងថា “មិនអាចឲ្យប្រទេសជិតខាង ដឹកចូលមកហើយហាមឃាត់ប្រជាជនខ្មែរ ទាំងនៅព្រំដែនថៃ និងវៀតណាម”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្ម តាមព្រំដែន នៅតែធ្វើឡើងធម្មតា ដើម្បីឲ្យប្រជាជននៅតែអាច បន្តរកស៊ីជាមួយប្រទេសជិតខាងបាន ៕