មេបក្សយុវជនកម្ពុជា ប្រកាសគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ឲ្យបណ្ដេញជនបរទេសដែល គេចវេះមិនធ្វើចត្តាឡីស័ក ចេញពីប្រទេស

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសគាំទ្រចំពោះចំណាត់ការរាជរដ្ឋាភិបាល ឲ្យបណ្ដេញជនបរទេសណាដែល គេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ចេញពីប្រទេសកម្ពុជា និងលែងឲ្យចូលមកវិញ ។

ការថ្លែងបែបនេះ របស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក តាមសំណើរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថា «ខ្ញុំគាំទ្រចំពោះការដាក់ផែនការអនុវត្ត យ៉ាងតឹងរ៉ឺងរបស់រាជរដ្ឋាភិបាលចំពោះ ជនបរទេសណាដែល មិនព្រមសហការផ្តល់ការសម្ភាសន៍ ឬរត់គេចមិនព្រមធ្វើចត្តាឡីស័កនេះ ត្បិតការប្រហែសរបស់ជននេះវាអាច បង្កនូវមហន្តរាយដល់មនុស្សជាតិ» ។

សូមបញ្ជាក់ផងដែរថា យោងតាមលិខិតរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះថ្ងៃទី២២ ខែកុម្ភៈ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ (COV10-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណ៏រត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការ ចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីជ១៩ ដែលធ្វើអោយប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូរឹង១៩ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺអូវីដ១៩ (COVID-19) សូមគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ អនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការ មួយចំនួនដូចខាងក្រោម៖

១.ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូល ប្រទេសសារជាថ្មី។

២.ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំ ចាត់វិធានការតាមផ្លូវច្បាប់ ។

៣.ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង ៕