ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ កុម្ភៈនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានបិទទីតាំងចំនួន ៤៤កន្លែងហើយ នៅរាជធានីភ្នំពេញ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីបង្ការនិងទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសប្រជុំដោះស្រាយកិច្ចការបន្ទាន់ៗមួយចំនួន ពាក់ព័ន្ធបញ្ហាទប់ស្កាត់កូវីដ១៩ និងដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នាថ្ងៃទី២៣ កុម្ភៈនេះ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះដោយយើងបានបិទទីតាំង ចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះ ក្រោយពីយើងបានយកសំណាកចេញពីទីតាំង ទាំង៤៤នេះ» ៕