សមត្ថកិច្ចចាប់ខ្លួន ប្ដីប្រមឹកដុះមេ ចូលប៉ុស្តិ៍លើកទី២ ក្រោយផឹកស៊ីស្រវឹង តែងតែវាយប្រពន្ធកូនជាញឹកញាប់

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលអូរតាប៉ោង បានធ្វើការឃាត់ខ្លួន ពីបទប្រើហឹង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង២០នាទី បន្ទាប់ពីទទួលបានព័ត៌មានតាមទូរស័ព្ទពីលោកមេភូមិស្តុកឃ្លោក ថាមានករណីប្រើអំពើហឹង្សាក្នុងគ្រួសារ ស្ថិតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលអូរតាប៉ោងបានឲ្យដឹងថា អំពើហឹង្សានេះបង្កឡើងដោយបុរសឈ្មោះ វ៉ែត កុយ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន បានយកខ្សែរក្រវ៉ាត់វាយទៅលើប្រពន្ធ ឈ្មោះ ហម ទឹម អាយុ ៦០ឆ្នាំ បណ្តាលឲ្យរងរបួសរយះថ្ពាស់ខាងឆ្វេង និងបំផ្លាញសំភារ:ក្នុងផ្ទះមួយចំនួនទៀត ដោយលោកមេភូមិ និងកំលាំងប្រជាការពារចុះអន្តរាគមន៍ជួយឃាត់តែបុរសរូបនេះមិនព្រមស្តាប់ ។

ប្រភពដដែលបានបានបន្តថា អំពើហឹង្សានេះ បណ្តាមកពីប្តីផឹកស៊ីស្រវឹងជាប្រចាំ ហើយតែងតែប្រើអំពើហឹង្សាលើប្រពន្ធ កូនជាញឹកញាប់ (ចូលប៉ុស្តិ៍លើកទី២ហើយ) ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួន ជនបង្ក យកមកសួរនាំនៅប៉ុស្តិ៍នគរបាល រដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធី  ៕