ជនបរទេសដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ត្រូវបណ្ដេញចេញពីកម្ពុជា និងមិនឲ្យចូលមកវិញ

0

ភ្នំពេញ៖ តបតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយល់ព្រមឲ្យ បណ្ដេញជនបរទេសដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័ក ចេញពីកម្ពុជា និងបិទមិនឲ្យចូលកម្ពុជាវិញ ។

យោងតាមលិខិតរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចុះថ្ងៃទី២២ ខែកុម្ភៈ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា កន្លងមកក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ (COV10-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមាន បញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណ៏រត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការ ចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីជ១៩ ដែលធ្វើអោយប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូរឹង១៩ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺអូវីដ១៩ (COVID-19) សូមគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ អនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការមួយចំនួនដូចខាងក្រោម៖

១.ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូល ប្រទេសសារជាថ្មី។

២.ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ ។

៣.ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។