ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣នោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះថា «សូមបងប្អូនប្រុងប្រយ័ត្ននូវមេរោគ COVID -19 ទាំងអស់គ្នា ដោយខណៈពេលនេះគឺមេរោគនេះ បាននឹងកំពុងឆ្លងចូលសហគមន៍ លើកទី៣ហើយ ដូច្នេះគឺយើងត្រូវថែរក្សា ជីវិតយើងដោយខ្លួនឯង តាមរយៈធ្វើអនាម័យខ្លួនជាប្រចាំ និងកុំចូលទៅ ទីប្រជុំមនុស្សច្រើន បើគ្មានការចាំបាច់នោះទេ។ ប្រហែសបាត់ ប្រយ័ត្នគង់????????» ។
សូមបញ្ជាក់ថា ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅព្រឹកថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣ នៅកម្ពុជាដោយប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈរយៈពេលខ្លីត្រឹមតែជាង ១០ម៉ោង រកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២ករណី ៕