វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មកទល់ពេលនេះ មិនទាន់មានបុគ្គលណាម្នាក់ ស្លាប់ដោយសារចាក់វ៉ាក់សាំង ការពារកូវីដ១៩

0

ភ្នំពេញ៖ ក្រោយមានការលើកហ្វេសប៊ុកថា មានមនុស្ស ៣នាក់បានស្លាប់ និងជាង ១០នាក់ទៀត កំពុងសង្រ្គោះបន្ទាន់ ដោយការចាក់វ៉ាក់សាំងកូវីដ១៩នោះ ភ្លាមៗលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមុខច្រានចោល និងបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានអ្នកស្ម័គ្រចិត្តណាម្នាក់ ដែលចាក់វ៉ាក់សាំងកូវីដ១៩រួចហើយ បានស្លាប់នោះទេ ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមប្រកាសច្រានចោល ទាំងស្រុង នូវព័ត៌មានប្រឌិត មានចេតនាបំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿ លើការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ។ ក្រសួង សូមបញ្ជាក់ថា មកទល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មិនមានបុគ្គលណាម្នាក់ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមនៅកម្ពុជារួចហើយនោះ បានស្លាប់បាត់បង់ជីវិតដោយសារចាក់ វ៉ាក់សាំងនោះឡើយ» ។

ជាមួយគ្នានោះលោកស្រី ឱ វណ្ណឌីន ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ ចំពោះករណីនេះផងដែរ ៕