រឿងអភិបាលរងខេត្តបាត់ដំបង ដាំបង្គោលថ្មកណ្ដាលផ្លូវ! លោក ពេជ្រ ស្រស់ មិនអស់ចិត្តស្នើឲ្យរកការពិត

0

ភ្នំពេញ៖ ក្រោយមិនអស់ចិត្តរឿងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅដាំកណ្ដាលផ្លូវនោះ ពេលនេះប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ បើកការស្រាវជ្រាវរកការពិតឲ្យឃើញថា តើលោកអភិបាលរងខេត្តរូបនេះ បានប្រព្រឹត្តិរឿងនេះ ឬអត់ ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ កុម្ភៈ ក្នុងន័យដើមទាំងស្រុងថា «បើសិនជារឿងនេះពិតមែននោះ មន្រ្តីប្រភេទនេះពុំគួរកាន់តំណែងធំបែបនេះទេ ដោយហេតុថា បើរាស្រ្តធ្វើអំពើថោកទាបគ្រាន់តែ បង្ករជម្លោះជាមួយអ្នកជិតខាង ក៏ប៉ុន្តែបើអ្នកកាន់អំណាចធ្វើអំពើ ថោកទាបគឺបង្ករគ្រោះភ័យដល់ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋមួយនគរ ដូច្នេះករណីនៃលោកអភិបាលរងខេត្តម្នាក់នេះ គួរតែស្រាវជ្រាវរកការពិតឲ្យឃើញថា លោកអភិបាលរងខេត្តម្នាក់នេះ ពិតជាបានប្រព្រឹត្តិរឿងដ៏ថោកទាបនេះ ឬក៏អត់? បើរកឃើញថា បានប្រព្រឹត្តមែននោះរដ្ឋាភិបាល គួរឲ្យគាត់ទៅរៀនសូត្រឡើងវិញទៅ ដោយហេតុថាការពង្រីកផ្លូវរបស់រដ្ឋ គឺ ម្ចាស់ដីត្រូវតែបរិច្ចាកដីឲ្យរដ្ឋពង្រីកផ្លូវ ដើម្បីជាប្រយោជន៍រួម ហើយក្នុងនាមជាមន្រ្តីត្រូវធ្វើគំរូដល់ពលរដ្ឋ ក្នុងការផ្តល់ដីជូនរដ្ឋពង្រីកផ្លូវប្រើប្រាស់រួម ហើយធ្វើឲ្យពលរដ្ឋដទៃទៀត បើកចិត្តទូលាយជាមួយរដ្ឋ ពេលដែលរដ្ឋត្រូវការពង្រីកផ្លូវ ឯកន្លែងផ្សេងបាយព្រះសង្ឃហូបឆាប់ឆ្អែត រីឯ បាយមន្រ្តីកាន់តែហូបគឺកាន់តែឃ្លាន “ចិត្តលោភលន់”» ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ អភិបាលរងខេត្តបាត់ដំបង បានយកបង្គោលថ្មទៅបោះចំកណ្តាលផ្លូវ ដោយសារគាត់អះអាងថា ជាដីរបស់គាត់ ដែលពីមុនមានទទឹង ៤ម៉ែត្រ តែក្រោយមករដ្ឋពង្រីកផ្លូវរហូតដល់ ៨ម៉ែត្រ។ ក្រោយរងការរិះគន់ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ លោកអភិបាលរងខេត្តរូបនេះ ក៏បានឲ្យគេទៅដកបង្គោលនោះចេញវិញ ទាំងយប់ផងដែរ ៕