ចុះទិញគ្រឿងបន្លាស់ភ្លេចដកសោ ជាងជួសជុលឡាន ឃើញឱកាសល្អឡើង បញ្ឆេះជិះបាន ៣០០ម៉ែត្រ ម្ចាស់ដេញតាមក្របួចជាប់

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី១៧  ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ភូ​ វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុង-ខេត្តសៀមរាប ពា់ព័ន្ធករណី អំពើលួច (រថយន្ត) និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារ ព្រហ្មទណ្ឌបានអោយដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី នៅក្នុងចំណុច ទល់មុខ កន្លែងលក់គ្រឿងបន្លាសថយន្ត យីហោ ខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ឆាយ រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42N35Z098742. លេខម៉ាស៊ីន 1GR0695935 បានចុះមកទិញគ្រឿងបន្លាស់រថយន្ត ដោយមិនបានដកកូនសោរ ចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត ។  ភ្លាមៗនោះ ជនសង្ស័យឈ្មោះ ភូ​ វុទ្ធី​ បានធ្វើសកម្មភាព ចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្ត បើកចេញតែម្ដង តាមបណ្ដោយផ្លូវជាតិលេខ ៦ សំដៅទៅទិសខាងកើត ហើយជនរងគ្រោះក៏បានហៅម៉ូតូឌុបដែលនៅក្បែរនោះជិះដេញតាមពីក្រោយជនសង្ស័យ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានឃាត់រថយន្តដែលជនសង្ស័យកំពុងបើកបរ បានភ្លាមៗនឹង រាយការណ៍មកសមត្ថកិច្ចយើង ចុះធ្វើអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យរូបនេះមកធ្វើការសួរនាំ ។

ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះមិនអាចឆ្លើយបំភ្លឺ ជូនសមត្ថកិច្ចយើងបាននោះទេ ដោយសារជនសង្ស័យមាន សភាពដូចជាមនុស្សបែកថ្នាំ ហើយយើងបានធ្វើ តេស្តរកសាធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផល ឃើញថា(វិជ្ជមាន)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕